ថ្ងៃ ច័ន្ទ ទី ១៨ ខែ មករា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាទេសំរាប់អ្នកសិល្បៈម្នាក់ដែលមានជំនាញច្រើន ហើយប្រកបដោយទេពកោសល្យខ្ពស់នោះ តួយ៉ាងដូចជាកញ្ញាវ៉ាន ឆរី ក្នុងវ័យ២៤ឆ្នាំ ស្លៀកពាក់សិចស៊ីបង្ហាញដើមទ្រូងយ៉ាងព្រហើនដ៏ស្រស់សោភារូបនេះ ជាអ្នកចំរៀងសម័យនិយមច្រៀងបទចំរៀងចំរុះដូចជា បទចង្វាក់យេយេ ឌីស្កូញ័រញាក់កន្ដ្រាក់អារម្មណ៍ បទចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ បទមនោសញ្ចេតនាលន្លង់ លន្លោច បទបែបបុរាណ (ភ្លេងការ) និងចំរៀងអាយ៉ៃឆ្លើយឆ្លងជាដៃគូជាមួយលោក ព្រហ្មម៉ាញ តាសាឡាត់ លោកព្រឹទ្ធាចារ្យផ្លុង មឿក និងនាយជីវា់ន់ស៊ុយជាដើម ។
កញ្ញា វ៉ាន ឆរី ត្រូវបានមហាជនទូទៅចាត់ទុកថា ការដែលនាងចេះសិល្បៈច្រើនបែបច្រើនយ៉ាងបែបនេះជាអំណោយទានពីទេវតា សំរាប់កញ្ញា ដែលធម្មជាតិបានផ្ដល់កំណើតដោយបានតាក់តែងឱ្យរូបនាងមានសំរស់ស្រស់ ផូរផង់ ព្រមទាំងមានទឹកដមសម្លេងពីរោះគួរឱ្យចង់ស្ដាប់ ។ លើសពីនេះទៀត នាងចេះច្រៀងអាយ៉ៃឆ្លើយឆ្លងប្រកបដោយវោហាកំប្លុកកំប្លែងដោះស្រាយ បញ្ហា ដែលដៃគូចំរៀងចោទឆ្លើយបានយ៉ាងល្អឥតខ្ចោះ ហើយមានចុងចួនសក្ដិសមជាអ្នកចំរៀងអាយ៉ៃមិនចាញ់អ្នកចំរៀងអាយ៉ៃ រៀមច្បងមុនៗប៉ុន្មានទេ ។ កញ្ញា វ៉ាន ឆរី បានឱ្យ ដឹងថា នាងមានស្រុកកំណើតនៅភូមិខ្សាម ឃុំខ្សាម ក្រុងកំពង់ឆ្នាំង ។ នាងមានបងប្អូន៤ នាក់ ក្នុងនោះស្រី២ ប្រុស២ ហើយនាងជាកូនទី២ក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករ។ កញាបានបន្ដឱ្យដឹងថា ដោយសារមាននិស្ស័យស្រឡាញ់សិល្បៈចំរៀងមិនអាចកាត់ផ្ដាច់បាន នៅឆ្នាំ២០០៣ នាងបានសម្រេចចិត្ដចាកចេញពីឪពុកម្ដាយ និងស្រុកកំណើតមកនៅទីក្រុងភ្នំពេញ ហើយបានចូលហ្វឹកហាត់រៀនច្រៀងនៅក្លឹបសិល្បៈមួយជាមួយលោកប៊ុន ចាន់ថន លោកណូយ វ៉ាន់ណេត រហូតមិនយូរប៉ុន្មានក៏ចេះច្រៀងចាំប៉ារ៉ូលបានច្រើនអាចច្រៀងត្រូវ នឹងចង្វាក់ភ្លេង ហើយក៏ចាប់អាជីពធ្វើជាអ្នកចំរៀងនៅតាមភោជនីយដ្ឋានមួយក្នុងទីក្រុង ភ្នំពេញ ។ ក្រោយមកដោយសារតែនាងមានរូបសំរស់ ស្រស់សោភាគួបផ្សំនឹងសំលេងច្រៀងបានពីរោះ និងមានទេពកោសល្យសម្ដែងបានល្អទៀតផងនោះ នាងត្រូវបានគ្រប់បណ្ដាកម្មវិធីប្រគំតន្ដ្រីចុងសបា្ដហ៍របស់ ស្ថានីយទូរទស្សន៍នានា បានអញ្ជើញឱ្យនាងឡើងច្រៀងជាកិត្ដិយសស្ទើររាល់សបា្ដហ៍រហូត មានកេរ្ដិ៍ឈ្មោះល្បីគួរសម ហើយនៅឆ្នាំ២០០៧ នាងត្រូវបានគេអញ្ជើញឱ្យទៅសម្ដែងនៅប្រទេសអូស្ដ្រាលី និងប្រទេសបារាំងទៀតផង ។ នៅក្នុងឆ្នាំ២០១០ នេះ នាងកំពុងត្រៀមចេញទៅសម្ដែងនៅប្រទេសបារាំងម្ដងទៀត និងទៅសហរដ្ឋអាមេរិកផងដែរ ។
កញ្ញា វ៉ាន ឆរី បានឱ្យដឹងទៀតថា សព្វថ្ងៃនេះនាងមិនច្រៀងនៅតាមភោជនីយដ្ឋានទៀតនោះទេ គឺច្រៀង និងធ្វើជាពិធីការិនីប្រចាំក្រុមតន្ដ្រីសមាគមតន្ដ្រីជនពិការ កម្ពុជា ដែលចេញសម្ដែងនៅតាមបណ្ដាខេត្ដ-ក្រុង ទូទាំងប្រទេស ។ ក្រៅពីនេះ នាងច្រៀង និងសម្ដែងតាមបណ្ដាកម្មវិធីជប់លៀង ពិធីមង្គលការ ដោយនាងច្រៀងទាំងចំរៀងសម័យ ចំរៀងបុរាណ ភ្លេងការ ក្នុងកម្មវិធីកាត់សក់ និងច្រៀងអាយ៉ៃឆ្លើយឆ្លងថតសំរាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ និងច្រៀងនៅលើឆាកទស្សនីយភាពនានា ជាមួយលោកព្រហ្មម៉ាញ នាយ ជីវ៉ាន់ស៊ុយ តាមខេត្ដ-ក្រុងដែលគេជួលផងដែរ ។ ក្នុងសំដីផ្អែមល្ហែមសុភាពទន់ភ្លន់ កញ្ញា វ៉ាន ឆរី បានឱ្យដឹងផងដែរថា ការដែលនាងចេះច្រៀងអាយ៉ៃនេះ គឺនាងបានហ្វឹកហាត់រៀនច្រៀងជាមួយលោកឆោម ឆន ឪពុកអ្នកស្រី ឆោម ឆវីន ។
ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន កញ្ញា វ៉ាន ឆរី បានបង្ហើបឱ្យដឹងថា នាងនឹងភ្ជាប់ពាក្យជាមួយលោកសេង ប៊ុនឡេង អ្នកអានព័ត៌មាននៃស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ នាថ្ងៃសៅរ៍ ទី១៦ មករា ឆ្នាំ២០១០ នេះ តែមិនទាន់កំណត់ថ្ងៃរៀបការនៅឡើយទេ ប្រហែលជារៀបការនៅឆ្នាំ២០១១ ឆ្នាំក្រោយ ។ ទាក់ទងនឹងជីវិតស្នេហារហូតដល់ថ្ងៃភ្ជាប់ពាក្យ និងគ្រោងរៀបមង្គលការ កញ្ញា វ៉ាន ឆរី បាន ប្រាប់ថា នាងបានស្គាល់លោកសេង ប៊ុនឡេង តាំងពីឆ្នាំ២០០៣ ពេលនាងចាប់អាជីពសិល្បៈដំបូង ហើយនាងក៏ចាប់ចិត្ដប្រតិព័ទ្ធ ហើយក៏ចិញ្ចឹមចិត្ដសង្កេតលោកសេង ប៊ុន ឡេង រហូតឃើញថា លោកប៊ុនឡេង ជាសុភាពបុរសមានចំណេះដឹងខ្ពង់ខ្ពស់ មានសីលធម៌ល្អ គោរពការងារស្រឡាញ់ក្រុមគ្រួសារនាង និងជាពិសេសនោះ គឺគាត់មានរាងស្រស់សង្ហាទៀតផង ចំណុចទាំងនេះហើយ ទើបធ្វើឱ្យរូបនាងស្រឡាញ់គាត់ ហើយសម្រេចចិត្ដជ្រើស រើសយករូបគាត់ធ្វើជាអនាគតស្វាមី៕
កញ្ញា វ៉ាន ឆរី តារាចំរៀងដែលមានទេពកោសល្យខ្ពស់ និងមានរូបសំរស់ស្រស់ស្អាតដូចបុបា្ពត្រូវទឹកសន្សើម




Source:http://www.kohsantepheapdaily.com.kh/































No comments:
Post a Comment