ដេញថ្លៃស្រីគ្រប់លក្ខណ៍ គ្រាន់តែជាព័ត៌មានកញ្ឆក់អារម្មណ៍សំរាប់ខ្សែភាពយន្ដប៉ុណ្ណោះ កោះសន្ដិភាពមិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់ភាពផូរផង់របស់ស្ដ្រី ខ្មែរឡើយ
ដោយ ៖ កោះឯករាជ្យថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ព័ត៌មានកញ្ឆក់អារម្មណ៍អស់លោកអ្នកអានក្នុងលេខចេញផ្សាយម្សិញមិញ នេះ បានធ្វើឱ្យមជ្ឈដ្ឋាននានា មានការភ្ញាក់ផ្អើលជុំវិញព័ត៌មាន “ដេញថ្លៃស្រីគ្រប់លក្ខណ៍”។ តាមពិតទៅសំរាប់ជីវិតពិតក្នុងសង្គមកម្ពុជាយើងមិនអាចមានការ កើតឡើងបែបនេះទេ ហើយបើនិយាយពីស្ដ្រី គ្រប់លក្ខណ៍វិញវាកាន់តែគ្មានថែមទៀត ។ ប្រតិកម្មនានាជុំវិញការចេញផ្សាយលេខមុននេះ កោះសន្ដិភាពសូមទទួលស្គាល់ថា ដោយសារតែខ្វះការធ្វើអត្ថាធិប្បាយបន្ថែមប៉ុណ្ណោះ ហើយក៏សុំអធ្យាស្រ័យផងដែរ ប្រសិនបើមានការបង្កឱ្យមានផលប៉ះពាល់ដោយ អចេតនាបែបណាមួយនោះ។ ព្រោះកោះសន្ដិភាពគ្មានបំណងអ្វីធ្វើឱ្យប៉ះពាល់ដល់តំលៃដ៏ល្អ ផូរផង់របស់ស្ដ្រីខ្មែរយើងឡើយ។
តាមពិតការដាក់ចំណងជើងកញ្ឆក់ អារម្មណ៍ពីរឿង “ដេញថ្លៃស្រីគ្រប់លក្ខណ៍” គឺគ្រាន់តែជាឈុតមួយនៃខ្សែភាពយន្ដដែល កំពុងដឹកនាំថតដោយអ្នកស្រីពាន់ ភួងបុបា្ព ប៉ុណ្ណោះ ។ ខាងក្រោមនេះ គឺជាការធ្វើអត្ថាធិប្បាយជាផ្លូវការ របស់ផលិតករដែលដឹកនាំ ដោយអ្នកស្រីពាន់ ភួងបុបា្ព ដើម្បីជំរះរាល់ ការមន្ទិលនានាដូចខាងក្រោម ៖
“ដំណឹងពិសេសប្រចាំសហស្សវត្សរ៍ថ្មី ដេញថ្លៃស្រីគ្រប់លក្ខណ៍ កញ្ញានួន នាងលំអង ចាប់ផ្ដើមពី១លានដុល្លារឡើង....” នេះគឺជា សាច់រឿងមួយ ឬឈុតមួយក្នុងខ្សែភាពយន្ដភាគរឿង “គូព្រេងចម្លែក” ជាប្រភេទរឿង មនោសញ្ចេតនាកំប្លែង ដែលនិពន្ធឡើង ដោយអ្នកស្រីពាន់ ភួងបុបា្ព និងអ្នកស្រីប៉ុល ពិសី និងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុបា្ព ។ សាច់រឿងនេះនឹងចាក់បញ្ចាំងក្នុង ទូរទស្សន៍ CTN ចាប់ពីខែសីហា ២០១០ នេះតទៅ ដែលបច្ចុប្បន្នផលិតបាន៦០ភាគរយហើយ ។អ្នកស្រីពាន់ ភួងបុបា្ព បានឱ្យដឹងថា ជាគំនិតរឿង គឺចង់ពន្លេចឡើងនូវលក្ខណៈ សម្បត្ដិ៨យ៉ាងរបស់ស្រីគ្រប់លក្ខណ៍ ឱ្យយុវជន យុវនារីសម័យថ្មីបានជ្រាប និងមាតាបិតា ក្នុងការអប់រំទូន្មានដល់កូនស្រីសម័យនេះ ។ មិនត្រឹមតែឱ្យបុត្រធីតាបានរៀនសូត្រនូវ ចំណេះដឹងផ្នែកសង្គម និងវិទ្យាសាស្ដ្រតែ ប៉ុណ្ណោះទេ ត្រូវឱ្យបុត្រធីតាសិក្សាបន្ថែម លើវិស័យមេផ្ទះ ការរៀបចំថែរក្សាកូនចៅ ចង្ក្រានជើងឆ្នាំង ដើម្បីធ្វើឱ្យគ្រួសារមាន សុភមង្គលថែមទៀត ។
ដំណើរសាច់រឿងនេះមាន៦០ភាគ គឺលើកឡើងអំពីគ្រួសារលោកឫទ្ធី វង្ស ដែលមានកូនប្រុសពីរនាក់ ។ កូនប្រុសច្បង មិនរវល់នឹងសង្គមខាងក្រៅ ម្ង៉ៃៗគិតតែភាវនា រក្សាសីលទាន។ ចំណែកកូនប្រុសពៅចូលចិត្ដសប្បាយលេងសើចវក់វីនៅខាងក្រៅផ្ទះ។ ដោយបារម្ភនឹងកូនប្រុសច្បង លោកឫទ្ធី វង្ស ក៏សំរេចជ្រើសរើសស្រីស្អាតម្នាក់មកធ្វើជាភរិយារបស់កូនប្រុសលោក ។ តែការជ្រើសរើសនោះ មិនបានសំរេចដូចបំណង ដោយសារកូនប្រុសលោកនៅតែមិនអើពើ ។ គាប់ជួនមានព្រឹត្ដិការណ៍ដ៏ចំលែកមួយ គឺគ្រួសារលោកស្រី នួន វរនាថ មានកូនស្រីល្អល្អះ មានលក្ខណៈសម្បត្ដិល្អ៨យ៉ាង ហើយមានអ្នកចង់បានច្រើន ដែលសុទ្ធតែជាត្រកូលអភិជនល្អ ខ្ពង់ខ្ពស់ ។ លោកស្រីពិបាកនឹងសំរេចចិត្ដ លើកឱ្យមួយណា ព្រោះខ្លាចមានការអាក់អន់ ស្រពន់ចិត្ដ គួបផ្សំនឹងការឱ្យយោបល់ពីជំនួយការពិសេសរបស់លោកស្រី លោកស្រីក៏សំរេច ចិត្ដដាក់ដេញថ្លៃដោយមានលក្ខខណ្ឌថា អ្នកដេញបានត្រូវតែជាបុរសនៅលីវ និងយកនាង លំអងទៅធ្វើជាឧត្ដមភរិយាតែមួយគត់ ។ ថវិកាដែលបានមកពីការដេញថ្លៃ ៥០ភាគរយ លោកស្រីនឹងប្រគល់ឱ្យអង្គការមនុស្សធម៌ជួយជនក្រីក្រ ។ លោកឫទ្ធី វង្ស ចាប់អារម្មណ៍ពីរឿងនេះ គាត់ក៏សំរេចចិត្ដចូលរួមដេញថ្លៃក្នុងបំណងឱ្យទៅកូនប្រុសច្បងរបស់ គាត់ ។
ចំណែកសាច់រឿងក៏បត់បែនមានកំប្លែង សំណើច កំសត់ ព្រាត់ប្រាស ទៅតាមការរៀបចំរបស់អ្នកនិពន្ធ...។ ដោយនៅក្នុងសាច់រឿង គឺមានការប្រកាសដំណឹងជ្រើសរើសភរិយា ក៏ដូចជាការដាក់ដេញថ្លៃជ្រើសរើស ឧត្ដមស្វាមី ទើបមានការសហការរវាងខ្សែភាពយន្ដ និងកាសែត ទស្សនាវដ្ដី នេះឡើង សំរាប់បំរើឱ្យការថតខ្សែភាពយន្ដបានជោគជ័យ ។ អ្នកស្រីពាន់ ភួងបុបា្ព សង្ឃឹមថា ឥស្សរជន និងមហាជនកម្ពុជាទាំងអស់នឹងយោគយល់ និងធ្វើការគាំទ្រ ដើម្បីជំរុញវិស័យ ភាពយន្ដខ្មែរឱ្យមានការឈានឡើង និងរីកចំរើនដូចខ្សែភាពយន្ដបរទេសដែរ ។ រឿង “គូព្រេងចម្លែក” គឺជាខ្សែភាពយន្ដ កំប្លែងមនោសញ្ចេតនា និងជាខ្សែភាពយន្ដភាគ ទី២២ដែលនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រីពាន់ ភួងបុបា្ព និងត្រូវបញ្ចាំងនៅ បណ្ដាញស្ថានីយទូរទស្សន៍កម្ពុជា (CTN) ។
No comments:
Post a Comment