ថ្ងៃ សៅរ៍ ទី ៦ ខែ មិនា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ដើមឆ្នាំ២០១០នេះ តារាសំដែងសារាយ សក្ខណា ហាក់មានយី អ៊ុនគ្រាន់បើ ខណៈពេលស្ថានីយទូរទស្សន៍ និងអង្គការមួយចំនួនអញ្ជើញនាងចូលរួមសំដែងក្នុងខ្សែវីដេអូជា បន្ដបន្ទាប់ និងមានគំរោងចេញទៅសំដែងនៅក្រៅប្រទេសផងដែរ។ ទន្ទឹមនេះនាងកំពុងតែប្រឈមទៅនឹងការលេចឮព័ត៌មានថា មានទំនាក់ទំនងស្នេហាជាមួយកំលោះវាយស្គរម្នាក់នៅប្រទេសអូស្ដ្រាលីពេល នាងចេញទៅសំដែងនៅទីនោះ ។
ពាក់ព័ន្ធជាមួយព័ត៌មានមិនសូវល្អនោះ សារាយ សក្ខណា បកស្រាយថា នាងពិតជាមានទំនាក់ទំនងជាមួយបុរសវាយស្គរនៅប្រទេសអូស្ដ្រាលីមែន តែជាទំនាក់ទំនងរាប់អានគ្នាធម្មតាប៉ុណ្ណោះ ព្រោះបុរសនោះក៏ជាខ្មែរដូចនាងដែរ ។ ម្យ៉ាងទៀតនាង និងបុរសនោះជាក្រុមសំដែងរួមគ្នា ដោយគេជាអ្នកវាយស្គរ ឯនាងជាអ្នកច្រៀង ។ សារាយ សក្ខណា ប្រាប់ថា នាងកំពុងតែមមាញឹកក្នុងការសំដែងស្ទើរតែរកពេលទំនេរគ្មានទេ ។ នាងកំពុងថតវីដេអូភាគឱ្យអង្គការឈែមស៍ រឿងរូបពីរចិត្ដមួយដែលជាប្រភេទរឿងអប់រំអំពីការប្រើអំពើហិង្សា ក្នុងគ្រួសារ ហើយនាងជាតួឯកឈ្មោះបូណ៌មី ។ មិនតែប៉ុណ្ណោះ នាងក៏ចូលរួមថតក្នុងខ្សែវីដេអូភាគសំរាប់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ លេខ៥រឿង វិញ្ញាណស្នេហ៍ និងបណ្ដាប៉ុស្ដិ៍ទូរទស្សន៍មួយចំនួនទៀតនៅកម្ពុជា ។
ក្នុងពេលឆាប់ៗខាងមុខនេះ សក្ខណា មានគំរោងចេញទៅសំដែងនៅសហរដ្ឋអាមេរិក ។ ពាក់ព័ន្ធដល់បញ្ហាបេះដូងដែលមនុស្សម្នាក់ៗមិនអាចចៀសផុតនោះ សារាយ សក្ខណា បានបង្ហាញការពិតថា នាងមិនទាន់មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ឡើយ ហើយរាល់ព័ត៌មានដែលលេចឮកន្លង មក គឺគ្រាន់តែជាពាក្យចចាមអារ៉ាម ឬជាចេតនាចង់បង្ខូចកិត្ដិយសរបស់នាងប៉ុណ្ណោះ។ សារាយ សក្ខណា បញ្ជាក់ថា នាងនឹងខិតខំតស៊ូក្នុងអាជីពបន្ដទៀត ព្រោះបច្ចុប្បន្ននេះនាងកំពុងតែទទួលបានការគាំទ្រពីទស្សនិកជន ។ នាងបានចាត់ទុកពាក្យចចាមអារ៉ាម ទាំងអស់នោះ គឺជាបញ្ហាធម្មតាសំរាប់អ្នកសិល្បៈដែលភាពល្បីល្បាញដើរទន្ទឹមនឹងព័ ត៌មានអាស្រូវ ។ ទោះជាយ៉ាងណាក្ដីអ្វីដែលល្អ និងអាក្រក់ គឺស្ថិតលើខ្លួនឯងប៉ុណ្ណោះ ៕
Source:http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment