ដោយ ៖ សាម៉ន
ថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ មករា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ តារាសម្ដែងដែលមានប្រជាប្រិយភាពជាបង្គួរនោះ បានធ្វើការបដិសេធភ្លាមៗចំពោះព័ត៌មានដែលលេចឮថា នាងខកខានមិនបានរៀបការជាមួយកម្លោះកូនពាណិជ្ជករម្នាក់ ព្រោះតែមានការជ្រៀតជ្រែកពីអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក។ កុល ដាវី បាននិយាយថា តាំងពីពេលមុនរហូតមកដល់ពេលនេះ រូបនាងគ្មានគម្រោង រៀបការជាមួយកូនពាណិជ្ជករណាម្នាក់នោះទេ ហើយក៏គ្មានការជ្រៀតជ្រែកអ្វីដែរ ។ ប៉ុន្ដែនាងបានសារភាពថា ប្រាកដជាមានអាណិកជនខ្មែរចែចូវជាហូរហែមែន ហើយនាងក៏មិនទាន់អូខេដែរ ព្រោះមិនទាន់នឹកនាដល់បញ្ហាអាពាហ៍ពិពាហ៍នៅពេលដែលឱកាសនៃការ ប្រមូលប្រាក់កំពុងផ្ដល់ដល់រូបនាង ។
កុល ដាវី ជាតារាសម្ដែងដែលទទួលបានការគាំទ្រគ្រាន់បើពីទស្សនិកជនតាមរយៈ នៃការសម្ដែងរឿងភាគនៅតាមកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ កុល ដាវី បានបង្ហាញនូវភាពសិចស៊ី ស្លៀកលេចលើលេចក្រោមគួរឱ្យទាក់ទាញបំផុត ហើយការបង្ហាញនូវសាច់ទ្រលុកទ្រលន់របស់នាងបានធ្វើឱ្យមានការ រិះគន់យ៉ាងខ្លាំងពីទស្សនិកជន ព្រមទាំងមានការវាយតម្លៃថា កុល ដាវី ហាក់ដូចជាភ្លេចនូវពាក្យសំដីសន្យារបស់ខ្លួនកាលពីពេលមិនទាន់ល្បីថា នាងនឹងប្រកាន់ខ្ជាប់នូវចរិយា ប្រពៃណីខ្មែរ និងមិនឱ្យមានពាក្យដំណៀលថា នាងរំលងប្រពៃណីដ៏ល្អរបស់ខ្មែរនោះឡើយ ។
ចំពោះអ្វីដែលបានលើកឡើងខាងលើ កុល ដាវី បានបកស្រាយថា នៅពេលដែលនាងស្លៀកពាក់បែបសិចស៊ីដូច្នេះ នាងក៏បាននឹកឃើញដល់ការរិះគន់ដូចខាងលើនេះដែរ ប៉ុន្ដែនាងគិតថា ជីវិតជាតារា ឬអ្នកសិល្បៈ គឺប្រាកដជាគេចមិនផុតពីការរៀបចំខ្លួនបែបនេះនោះទេ តែអ្វីជាឥរិយាបថខាងក្រៅ គឺមិនអាចឆ្លុះបញ្ចាំងផ្នត់គំនិត ឬទឹកចិត្ដខាងក្នុងបានឡើយ ។
តារាសម្ដែងរូបនេះនៅបានបង្ហើបឱ្យដឹងដែរថា កន្លងមកធ្លាប់មានបុរសម្នាក់នៅសហរដ្ឋអាមេរិកបានអញ្ជើញ និងធានាយករូបនាងចេញទៅសម្ដែងនៅទីនោះ ហើយគាត់តែងតែទំនាក់ទំនងមកនាងជាញឹកញាប់ ព្រមទាំងលើកទឹកចិត្ដនាងឱ្យយល់ព្រមចេញទៅសម្ដែងតាមការអញ្ជើញនោះ ដែរ ប៉ុន្ដែនាងបានបដិសេធ ព្រោះតែនាងមានការមមាញឹកខ្លាំងពេក ។ ទន្ទឹមនឹងការបដិសេធនោះ នាងក៏បញ្ជាក់ទៅវិញផងដែរថា ពេលណាដែលនាងទំនេរពីការងារក្នុងប្រទេស ឬមានឱកាសនោះ នាងនឹងចេញទៅសម្ដែងជូនបងប្អូនខ្មែរយើងដែលរស់នៅទីនោះបានទស្សនា កំសាន្ដ
មិនខានឡើយ ។
ទស្សនិកជនតែងតែមើលឃើញថា តារាសម្ដែង តារាចម្រៀង ដែលមានរូបស្អាតពេលដែលចាប់ផ្ដើមល្បី គឺតែងតែលេចឡើងនូវរឿងអាស្រូវ តែព័ត៌មាននៃរឿងអាស្រូវនោះមានខ្លះពិត និងខ្លះទៀតមិនពិត ។ សំរាប់ព័ត៌មានអាស្រូវរបស់កុល ដាវី គ្មានអ្នកណាម្នាក់អាចសន្និដ្ឋានថា ពិត ឬយ៉ាងណានោះទេ គឺមានតែកញាកុល ដាវី ម្នាក់គត់ដែលអាចនិយាយថា ពិត ឬមិនពិត ៕
កញ្ញា កុល ដាវី ជាតារាសម្ដែងដែលមានរូបសម្រស់ផូរផង់ និងនិយមស្លៀកពាក់សិចស៊ី (ដោយ៖ រស្មី)
Source:http://www.kohsantepheapdaily.com.kh/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment