រាជធានីភ្នំពេញ ៖ ដោយសារតែមាននិស្ស័យស្រលាញ់ចូលចិត្ដសិល្បៈចំរៀងតាំងពីកំណើតមក ហើយស្របពេលវិស័យសិល្បៈមានការរីកចំរើននោះ កញ្ញា សុខ ស្រីល័ក្ខ ក្នុង វ័យ២០ឆ្នាំ ទោះបីមានអាជីពជាម្ចាស់ហាង អ៊ុតសក់ កាត់សក់បុរស-នារី និងជានិស្សិត ផ្នែកធនាគារនៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាឆ្នាំទី៣ក៏ដោយ ក៏នាងតែងតែឆ្លៀតឱកាសចូលរួមច្រៀងនៅតាមពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ ព្រមទាំងនៅលើឆាកប្រគំតន្ដ្រីចុងសបា្ដហ៍តាមស្ថានីយទូរទស្សន៍នានាផង ដែរ ។
កញ្ញា សុខ ស្រីល័ក្ខ រៀបរាប់ឱ្យដឹងថា នាងជាកូនអ្នកទីក្រុងភ្នំពេញ មានបងប្អូន៥នាក់ ក្នុងនោះប្រុស៣នាក់ ចំណែករូបនាងជាកូនទី៤ ។ ដោយស្រលាញ់ចូលចិត្ដសិល្បៈចំរៀងតាំងពីក្មេងមក ក្រៅពីខិតខំប្រឹងប្រែងសិក្សា នាងតែងតែឆ្លៀតពេលទំនេរហាត់រៀនច្រៀងតាមម៉ាញ៉េ និងតាមចំរៀងខារ៉ាអូខេនៅផ្ទះ ។ ក្រោយពេលនាងចេះច្រៀងជាច្រើនបទហើយនោះនៅឆ្នាំ ២០០៨ នាងបានចាប់អាជីពជាអ្នកចំរៀងនៅក្នុងពិធីមង្គលការ និងតាមកម្មវិធីទូរទស្សន៍នានា ។ នាងចេះច្រៀងទាំងបទឌីស្កូញ័រញាក់កន្ដ្រាក់អារម្មណ៍ ទាំងបទមនោសញ្ចេតនា ប៉ុន្ដែចូលចិត្ដច្រៀងបទមនោសញ្ចេតនាជាង ។
កញ្ញា សុខ ស្រីល័ក្ខ ឱ្យដឹងថា កន្លងមក ក្រៅពីច្រៀងនាងធ្លាប់ចូលរួមថតស្ប៉តផ្សាយពាណិជ្ជកម្មខ្លះៗដែរ ។ នៅពេលអនាគត ក្រោយពីបញ្ចប់ការសិក្សា ទោះបីមានការងារធ្វើយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់អាជីពជាអ្នកចំរៀងដែរ បើសិនជានៅមានទស្សនិកជនគាំទ្រ និងសំណូមពរឱ្យនាង ឡើងច្រៀងនៅក្នុងកម្មវិធីប្រគំតន្ដ្រីរបស់ស្ថានីយទូរទស្សន៍នានា ។ នាងប្រាប់ថា កន្លងមកនាងធ្លាប់ត្រូវគេអញ្ជើញឱ្យចេញទៅច្រៀងនៅប្រទេសអូស្ដ្រាលី ម្ដងដែរ តែពុំបានចេញទៅទេ ដោយនាងសុំព្យួរការសិក្សាមិនបាន ។ ក្រោយពីបញ្ចប់ការសិក្សានាង សង្ឃឹមថា នឹងមានឱកាសបានចេញទៅច្រៀងនៅឯប្រទេសណាមួយជាក់ជាមិនខានឡើយ ៕
ថ្ងៃ អង្គារ ទី ១៦ ខែ មិនា ឆ្នាំ ២០១០
Source:http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment