កញ្ញាស៊ុម សោម៉ាវត្ដី ក្នុងវ័យ១៨ឆ្នាំ បានខិតខំពុះពារធ្វើជាអ្នកចំរៀងតាមភោជនីយដ្ឋាននានាក្នុងទីក្រុង ភ្នំពេញ រហូតបានទទួលជោគជ័យ ។ ក្នុងឆ្នាំ២០១០នេះមហាជនទូទៅបានស្គាល់នាងកាន់តែច្បាស់តាមរយៈការ ឡើងច្រៀងជាកិត្ដិយសនៅលើឆាកប្រគំតន្ដ្រីចុងសបា្ដហ៍តាម ស្ថានីយទូរទស្សន៍នានា។ ជាពិសេសនោះគេកាន់តែស្គាល់នាងតាមរយៈស៊ីឌីវ៉ុលទី១ របស់ផលិតកម្មរស្មីគជ់សមុទ្រក្នុងបទ “មិនចង់បែកគ្នា” បទ “អូនគ្មានតម្លៃ សំរាប់ឱ្យបងស្នេហ៍” បទ “បងក្បត់១០០ភាគរយ” និងបទ “ស្រលាញ់បងត្រង់ហ្នឹង” ជាដើម ។ ក្រោយពេលចេញស៊ីឌីវ៉ុលទី១ របស់នាងធ្វើឱ្យនាងចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បី ម្ដងបន្ដិច ហើយនាងសង្ឃឹមថា នាងនឹងមានអនាគតល្អក្នុងអាជីពសិល្បៈចំរៀងជាក់ជាមិនខានឡើយ ។
កញ្ញាស៊ុម សោម៉ាវត្ដី មានស្រុកកំណើតនៅខេត្ដសៀមរាប តែត្រូវឪពុកម្ដាយនាំមករស់នៅក្នុងទីក្រុងភ្នំពេញតាំងពីនាងអាយុ៥ ឆ្នាំ ។ ដោយមាននិស្ស័យស្រលាញ់សិល្បៈ ចំរៀងពីកំណើតមក នាងតែងតែច្រៀងលេងតាមម៉ាញ៉េ និងមើលទូរទស្សន៍រហូតចេះច្រៀងទៅតាមចង្វាក់ភ្លេង ។ ដូច្នេះហើយនៅអាយុ១២ឆ្នាំ នាងឱ្យម្ដាយទៅសុំគេច្រៀងនៅក្នុងភោជនីយដ្ឋានស្ដាតចាស់ ។ សព្វថ្ងៃនេះនាងបានប្ដូរពីកន្លែងច្រៀងចាស់នោះហើយ ។ នាងច្រៀងមិនប្រកាន់ថា បទថ្មីតម្រូវចិត្ដយុវវ័យ ឬបទចាស់ៗពីសម័យមុនទេ គឺនាងច្រៀងទាំងអស់ ។ ក្នុងអាជីពនេះនាងធ្លាប់ឡើងច្រៀងជាកិត្ដិយសក្នុងកម្មវិធីប្រគំ តន្ដ្រីចុងសបា្ដហ៍តាមស្ថានីយទូរទស្សន៍នានាផងដែរ ។ ជាការពិតណាស់ ដោយសារតែនាងមានទឹកដមសម្លេងពីរោះ គួបផ្សំនឹងរូបសម្ពស្សស្រស់សោភាផងនោះ ទើបនាងត្រូវបានគេផ្ដល់កិត្ដិយសឱ្យឡើងច្រៀងលើឆាកប្រគំតន្ដ្រី តាមស្ថានីយទូរទស្សន៍នានា និងបានថតសម្លេងចូល កាស្សែត-ស៊ីឌីទៀតផង ។
ថ្មីៗនេះមានសមាគមមកពីប្រទេសអូស្ដ្រាលីទាក់ទង ឱ្យនាងចេញទៅច្រៀងនៅប្រទេសនោះនាពេលឆាប់ៗខាងមុខរយៈ ពេលពី២ទៅ៣ខែ ។ កញ្ញាស៊ុម សោម៉ាវត្ដី និយាយថា នាងនឹងរកគន្លឹះខិតខំប្រឹងប្រែងហាត់រៀនច្រៀងបន្ថែមឱ្យកាន់តែល្អឡើង ធ្វើយ៉ាងណាដណ្ដើមប្រជាប្រិយភាពឱ្យបាន ដើម្បីឈានទៅរកកេរ្ដិ៍ឈ្មោះល្បីនាពេលខាងមុខ ។
កញ្ញាស៊ុម សោម៉ាវត្ដី អាយុ១៨ឆ្នាំ មានបងប្អូន៦នាក់ ក្នុងនោះ ប្រុស៣នាក់ ចំណែកនាងជាកូនទី៣ ។ នាងសិក្សាតឹមថ្នាក់ទី១២ ហើយកំពុងបន្ដការសិក្សាភាសាបរទេស ៕
ថ្ងៃ អាទិត្យ ទី ៧ ខែ មិនា ឆ្នាំ ២០១០
Source:http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment