ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ដោយមាននិស្ស័យស្រលាញ់សិល្បៈតាំងពីកុមារភាពមក ម៉ឹង រីសា ដែលជាតារាចំរៀងកំពុងតែរះនៅក្នុងក្រុមសិល្បៈនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឆន្ទៈដ៏មោះមុតរបស់នាងក្នុងការចូលរួមលើកកំពស់ការប្រយុទ្ធ ប្រឆាំងការជួញដូរគ្រឿងញៀនតាមរយៈនៃការអប់រំតាមវិស័យសិល្បៈ សំខាន់បទចំរៀងបែបអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ។ កន្លងមកនាងបានច្រៀងបទជាច្រើនទាក់ទងការអប់រំអំពីគ្រឿងញៀន តែបទដែលនាងពេញចិត្ដ និងទទួលការគាំទ្រយ៉ាងខ្លាំងនោះ គឺបទមិនយកទេប្រុសញៀនថ្នាំ ដែលជាស្នាដៃនិពន្ធរបស់លោកម៉ឹក តារា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ម៉ឹង រីសា មានអាយុ២៦ឆ្នាំ បាននិយាយថា នាងមាននិស្ស័យលើសិល្បៈតាំងពីតូចដែលកាលណោះសូម្បីតែលេងល្បែង ផ្សេងៗជាមួយក្មេងដូចគ្នា ក៏នាងចូលចិត្ដលេងអំពីសិល្បៈដូចជាច្រៀងរាំ និងធ្វើកាយវិការបែបសិល្បៈដែរ ។ ឃើញនិស្ស័យនាងដូច្នេះបងប្រុសបងស្រីរបស់នាងបានបញ្ជូននាងមកភ្នំពេញ ហើយចូលរៀនផ្នែកសិល្បៈនៅសាលាបណ្ដុះបណ្ដាលសក្រវាទ៍របស់មជ្ឈមណ្ឌល កុលាប១ ដែលមានលោកសក្រវាទ៍ជាគ្រូ ។ ក្រោយការហាត់រៀនបានមួយរយៈមក នាងត្រូវបានផលិតកម្មមួយឈ្មោះរស្មី លីយ៉ុង ប្រទេសបារាំងអញ្ជើញឱ្យចូលរួម ច្រៀង និងថតចូលស៊ីឌី សំរាប់ផលិតកម្ម និងនាំចេញទៅលក់នៅប្រទេសបារាំង ។ បើទោះបីជាភាពល្បីរបស់នាងមិនទាន់បានបង្ហាញជារូបរាង តែក្រោយថតបទចំរៀងឱ្យផលិតកម្មលីយ៉ុងមក ជីវិតសិល្បៈរបស់នាងហាក់លោតមួយជំហានដ៏វែងធ្វើឱ្យនាងមាន ទំនុកចិត្ដក្នុង អាជីពជាអ្នកសិល្បៈ ។
កន្លងមកមានក្រុមហ៊ុនផ្សព្វផ្សាយផលិតផលមួយចំនួន បានហៅនាងទៅថតផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលតាមបណ្ដាខេត្ដ ព្រមទាំងមានរង្គសាល និងភោជ នីយដ្ឋានមួយចំនួនចាប់អារម្មណ៍ទាក់ទងឱ្យនាងចូលច្រៀង និងធ្វើពិធីការិនីជាបន្ដបន្ទាប់ ។ សព្វថ្ងៃនាងកំពុងតែចៀងនៅភោជនីយដ្ឋានវ៉ាស៊ីនតោន ក្នុងតំបន់ព្រែកលៀប ។ ម៉ឹង រីសា ប្រាប់ថា សំរាប់ជីវិតសិល្បៈរបស់នាងមិនអាចស្ថិតនៅត្រឹមនេះបានទេ គឺសំលឹងទៅអនាគតជាអ្នកសិល្បៈដែលមានសមត្ថភាព និងមានឈ្មោះល្បីនៅព្រះរាជាណាចក្រកម្ពុជា ។ បានជានាងនិយាយដូច្នេះ ព្រោះតាំងពីតូចមកម្ល៉េះ នាងពេញចិត្ដទឹកដមសម្លេងអ្នកនាងម៉េង កែវពេជ្ជតា ដែលមានប្រភពកំណើតនៅខេត្ដតាកែវ ហើយ ប្រាថ្នាចង់បានដូចទាំងសម្លេង និងភាពល្បីល្បាញរបស់តារាចំរៀងរូបនេះ ។ ពេលនេះនាងខិតខំសព្វបែបយ៉ាងដើម្បីឈានឱ្យដល់កំរិតកំពូលតាមអ្វីដែល នាងប៉ងប្រាថ្នាពីតូចមក ។
ពាក់ព័ន្ធដល់បទចំរៀងដែលមានអត្ថន័យអប់រំអំពី គ្រោះថ្នាក់នៃគ្រឿងញៀននោះ ម៉ឹង រីសា បញ្ជាក់ថា នាងចង់ឆក់យកឱកាសនៃការច្រៀងអប់រំអំពីគ្រឿងញៀននោះ ដើម្បីលើកកំពស់សមត្ថភាព និងប្រជាប្រិយភាពផ្ទាល់ខ្លួន ព្រោះមិនទាន់មានអ្នកសិល្បៈ ឬអ្នកចំរៀងណាម្នាក់ដែលល្បី និងលេចចេញពីសិល្បៈនៃការអប់រំអំពីគ្រឿងញៀននោះឡើយ ។ នាងសង្ឃឹមថា ការចាប់ផ្ដើមពីសិល្បៈអប់រំអំពីគ្រឿងញៀន អាចធ្វើឱ្យនាងក្លាយជាអ្នកចំរៀងដ៏ល្បី ។ ម្យ៉ាងទៀត បទចំរៀងរបស់នាងដែលពាក់ព័ន្ធការអប់រំអំពីគ្រឿងញៀន គឺច្រើនទទួលការគាំទ្រដែល បង្ហាញថា ជាបន្ដបន្ទាប់បទចំរៀងរបស់នាងនឹងល្បី ហើយរូបនាងក៏ល្បីតាមនោះដែរ ៕
Source:http://kohsantepheapdaily.com.kh/
No comments:
Post a Comment