ដោយ ៖ សាម៉ន
ថ្ងៃ ពុធ ទី ៦ ខែ មករា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ដោយសារតែមានម្ដាយជាតារាសម្ដែង និងដោយសារតែមានរូបសម្បត្ដិស្រស់ស្អាត គួបផ្សំនឹងមាននិស្ស័យ ស្រឡាញ់សិល្បៈតាំងពីកំណើតផងនោះ បានជំរុញឱ្យកញ្ញាកែវ ស្រីនិច្ច ឈប់សិក្សាចំណេះទូទៅត្រឹមថ្នាក់ទី១១ នៅឆ្នាំ២០០៧ ហើយងាកមកបណ្ដែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែងវិញ ។ ពីដំបូងនាងបានចូលហាត់រៀនសម្ដែងនៅក្លឹបសិល្បៈមួយក្នុងរាជធានី ភ្នំពេញ ហើយមិនបានប៉ុន្មានផងនាងដាក់ពាក្យចូលរួមប្រឡងដណ្ដើមតំណែងកញ្ញាឯក ក្នុងកម្មវិធី “កញ្ញាឯកBRIDGESTONE ” បានជាប់ចំណាត់ថ្នាក់លេខ១ នាឆ្នាំ២០០៨ ។
ក្រោយពីបានក្លាយជាកញ្ញាឯកមក កញ្ញា កែវ ស្រីនិច្ច បានចាប់អាជីពជាតារាសម្ដែងមួយរូប ហើយសព្វថ្ងៃកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្ដទស្សនិកជន ជាពិសេសគឺមានការចាប់អារម្មណ៍ពីក្រុមផលិតករតែម្ដង ។ កន្លងមករាល់ពេលសម្ដែងកាយវិការខារ៉ាអូខេ និងសម្ដែងភាពយន្ដ-វីដេអូ អ្នកដឹកនាំសម្ដែងតែងតែកោតសរសើរនាងថា ថ្វីបើជាតារាថ្មីទើបរះឡើងពិតមែន តែនាងមានទេពកោសល្យខ្ពស់ ។ ដោយសារបែបនេះហើយ ទើបកន្លងមក និងសព្វថ្ងៃនេះនាងមានការមមាញឹកក្នុងការសម្ដែងឱ្យស្ទើរគ្រប់ ផលិតកម្មទាំងក្នុង និងក្រៅប្រទេស ។
ជាការពិតណាស់ការសំរេចចិត្ដបណ្ដែត ជីវិតនៅក្នុងពិភពសិល្បៈសម្ដែងរបស់កញ្ញា កែវ ស្រីនិច្ច រយៈពេល២ឆ្នាំកន្លងមកនេះ គឺ ពិតជាមិនធ្វើឱ្យនាងអស់សង្ឃឹមទេ ព្រោះពីមួយថ្ងៃនៅមួយថ្ងៃនាងចេះតែមានដំណើររលូនទៅមុខជានិច្ច ដោយក្រៅពីសម្ដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មនានាទាំងក្នុង និងក្រៅប្រទេស នាងក៏ធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែវីដេអូភាគមួយចំនួនដូច ជារឿង “ឧត្ដមភរិយា” បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN រឿង “រលកក្រោមខ្សាច់” បញ្ចាំងនៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្ដិ៍លេខ១១ រឿង “ខ្មោចពោះធំ” (តួឯក) រឿង “ជើងមេឃសម្បថ” និងរឿងភាគរបស់ស្ថានីយទូរទស្សន៍ថ្មី “អាស៊ីអាគ្នេយ៍” គឺរឿង “ផ្ការីកពេញរដូវ” កំពុងតែដំណើរការថត ។
តារាដ៏ស្រស់សោភារូបនេះនិយាយថា ទោះបីជានាងជាតារាសម្ដែងថ្មីពុំទាន់មានកេរ្ដិ៍ឈ្មោះល្បីដូចតារា រៀមច្បងក៏ពិតមែន ប៉ុន្ដែកន្លងមកនាងធ្លាប់បានក្លាយជាតួឯកខ្លះៗហើយ ។ នាងសង្ឃឹមក្នុងចិត្ដថា នៅថ្ងៃអនាគតនាងនឹងបានក្លាយជាតារាសម្ដែង ដែលមានកេរ្ដិ៍ឈ្មោះល្បីជាក់ជាមិនខាន ។
កញ្ញា កែវ ស្រីនិច្ច មានវ័យ១៩ឆ្នាំ ស្រុកកំណើតនៅរាជធានីភ្នំពេញ ។ នាងមានបងប្អូនចំនួន៤នាក់ ក្នុងនោះស្រី២នាក់ ហើយនាងជាកូនពៅ ។ ទាក់ទងនឹងជីវិតស្នេហា នាងឱ្យដឹងថា នាងមិនទាន់មានសង្សារទេ ហើយម្ដាយរបស់នាងក៏មិនឱ្យមានដែរ តែបើមានស្នេហាគឺរៀបការតែម្ដង ។ ចំពោះបុរសដែលនាងចង់បានជាប្ដីនោះគឺជាអាណិកជន ខ្មែរនៅក្រៅប្រទេស ។ នាងទំលាយឱ្យដឹងថា កន្លងមកមានបុរសនៅក្រៅប្រទេសសុំស្នេហាពីនាង ហើយសន្យាថាបើនាងព្រមស្រឡាញ់គេនោះ គេនឹងទិញផ្ទះឱ្យមួយល្វែងភ្លាម តែនាងមិនទាន់ឆ្លើយតបទេ គឺកំពុងតែពិចារណា៕
Source:http://www.kohsantepheapdaily.com.kh/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment