ថ្ងៃ ច័ន្ទ ទី ៤ ខែ មករា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ក្នុងទឹកមុខញញឹម កែវភ្នែកភ្លឺថ្លា គួបផ្សំនឹងភាពសិចស៊ីគួរឱ្យទាក់ចិត្ដបុរសនោះគឺកញ្ញាជិន ស្រីណែត វ័យ ២២ឆ្នាំ ជាប្អូនពៅរបស់តារាចំរៀងជិន សេរីយ៉ា ដែលកំពុងច្រៀងជាប្រចាំនៅភោជនីយដ្ឋានរស្មីសំនៀងគោដុត ស្ថិតនៅខាងក្រោយសណ្ឋាគារអាំងទែរកុងទីណង់តាល់ ។
ទោះបីជាស្រីណែត ចូលចិត្ដស្លៀកពាក់សិចស៊ី ប៉ុន្ដែនៅលើឆាកតន្ដ្រីនៃភោជនីយដ្ឋាន នាងនិយមជ្រើសរើសបទចំរៀងចំរុះរបស់រៀមច្បងពីសម័យមុនមកច្រៀងដូចជា បទមនោសញ្ចេតនា បទចង្វាក់រាំវង់ រាំក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ មកច្រៀង ។ បទទាំងនោះជារបស់អ្នកស្រីរស់ សេរីសុទ្ធា អ្នកស្រី ហ៊ួយ មាស និងអ្នកស្រីប៉ែន រ៉ន ជាដើម ។
កញ្ញាស្រីណែត មិនត្រឹមតែច្រៀងមានទឹកដមសម្លេងពីរោះអាចបំពេអារម្មណ៍ ប្រិយមិត្ដអ្នកស្ដាប់ឱ្យអណ្ដែតអណ្ដូងហោះហើរទៅតាមអត្ថន័យនៃបទ ចំរៀងប៉ុណ្ណោះទេ គឺនាងថែមទាំងបង្ហាញកាយវិការរស់រវើក និងរូបសម្ពស្សស្រស់ផូរផង់ទាក់ទាញទស្សនិកជនឱ្យចាប់អារម្មណ៍លើនាង ទៀតផង ។
កញ្ញាជិន ស្រីណែត ពុំទាន់មានឈ្មោះបោះសម្លេងជាទូទៅដូចបងស្រីរបស់នាងនៅឡើយ តែនាងធ្លាប់ត្រូវបានអ្នករៀបចំពិធីប្រគំតន្ដ្រីរបស់ស្ថានីយទូរ ទស្សន៍មួយចំនួនផ្ដល់ឱកាសឱ្យឡើងច្រៀងជាកិត្ដិយស ដើម្បីបង្ហាញទឹកដមសម្លេង ទេពកោសល្យសម្ដែង និងរូបសម្ពស្សរបស់នាងជូនប្រិយមិត្ដទស្ស និកជនបានឃើញ និងស្ដាប់ម្ដងម្កាលដែរ ។ កន្លងមកនាងធ្លាប់ច្រៀងនៅលើឆាកប្រគំតន្ដ្រីចុងសបា្ដហ៍របស់ ស្ថានីយទូរទស្សន៍បាយ័ន និងទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ។
កញ្ញាជិន ស្រីណែត បណ្ដែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈចំរៀងនេះ ដោយសារតែនាងមាននិស្ស័យស្រឡាញ់ចូលចិត្ដតាំងពីកុមារភាពមកម្យ៉ាង ទៀត ដោយសារតែឃើញបងស្រីរបស់នាង គឺអ្នកនាងជិន សេរីយ៉ា ធ្វើជាអ្នកចំរៀងមានកិត្ដិយសមានឈ្មោះបោះសម្លេងទាំងក្នុង និងក្រៅប្រទេស ។ លើសពីនេះទៀត ដោយនាងយល់ថា ធ្វើជាអ្នកសិល្បៈមានអារម្មណ៍សប្បាយរីករាយ ដូច្នេះហើយនាងចាប់អាជីពជាអ្នកចំរៀងតាំងពីចុងឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃនេះ ។
នាងនិយាយថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ ទោះបីនាងមិនទាន់មានកេរ្ដិ៍ឈ្មោះល្បីយ៉ាងណាក៏ដោយ ក៏នាងមានមោទន ភាពយ៉ាងខ្លាំង ព្រោះកន្លងមកក្រៅពីច្រៀងនៅក្នុងភោជនីយដ្ឋាន នាងមានឱកាសបានឡើងច្រៀងជាកិត្ដិយសក្នុងកម្មវិធីប្រគំតន្ដ្រីចុង សបា្ដហ៍របស់ស្ថានីយទូរទស្សន៍មួយចំនួន និងថែមទាំងធ្លាប់បានចូលរួមសម្ដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ទាំងក្នុង និងក្រៅប្រទេសមួយចំនួន ដូចជាផលិតកម្មរៃ មាស និងផលិតកម្មបុបា្ពជាដើម ។
កញ្ញាជិន ស្រីណែត និយាយថា “នាងខ្ញុំនិយមស្លៀកពាក់សិចស៊ីទាំងនៅលើឆាក និងនៅក្រៅឆាកនេះ គឺចង់ឱ្យគេមើលឃើញ និងចាប់អារម្មណ៍ចំពោះរូបនាងខ្ញុំជាតារាសម្ដែង និងជាអ្នកចំរៀងប្រាថ្នាទទួលបានការគាំទ្រពីប្រិយមិត្ដទស្សនិកជន និងអាចធ្វើឱ្យនាងខ្ញុំមានកេរ្ដិ៍ឈ្មោះល្បីនៅក្នុងពិភពសិល្បៈ នាពេលឆាប់ៗនេះ” ។ ទាក់ទងនឹងជីវិតស្នេហា នាងបានអះអាងថា នាងមិនទាន់មានជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់នៅឡើយទេ ទោះបីមានបុរសមួយចំនួនសុំសេចក្ដីស្នេហាពីនាងយ៉ាងណាក៏ដោយ គឺនាងតែងតែបដិសេធរហូត ៕
No comments:
Post a Comment