លី ម៉ារីណា ដែលជាតារាសម្តែងដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី០៦ សីហា ២០១០ ជាមួយបុរសអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកដែលមានវ័យ ៤០ឆ្នាំ ដោយប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន Lucky Star។ កំពូលបុរសមហាសំណាងដែលបានមកថ្នាក់ថ្នមប្រលោមបមបីស្រីស្រស់ លី ម៉ារីណា នេះ គឺមានឈ្មោះថា សាត ចាន់ថន មានមុខរបរជាបុគ្គលិកធ្វើការនៅកាស៊ីណូក្នុងទឹកដីសហរដ្ឋអាមេរិក និងស្គាល់គ្នាតាមរយៈឃើញ លី ម៉ារីណា ទៅសម្តែងនៅទីនោះកាលពី ១ឆ្នាំមុន។
ជួបជាមួយ "ធម្មជាតិ” លី ម៉ារីណា បាននិយាយទាំងក្តីរំភើបរីករាយលាយឡំនិងក្តីភ័យព្រួយក្នុងចិត្តផង ដែរថា "ខ្ញុំបានស្គាល់លោក សាត ចាន់ថន ជាងមួយឆ្នាំមកហើយ ប៉ុន្តែការស្វែងយល់ចិត្តគ្នាដោយការជួបមុខផ្ទាល់ គឺមិនសូវមានពេលច្រើននោះទេ គឺស្វែងយល់ចិត្តគ្នាតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ។ ជាការពិតការសម្រេចចិត្តភ្ជាប់ពាក្យកសាងអនាគតជាលើកទី២នេះ គឺយើងមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាង ហើយបងប្អូនឪពុកម្តាយខាងខ្ញុំ ក៏មានការពេញចិត្តពេញថ្លើមទៅលើគូដណ្ដឹងរបស់ខ្ញុំដែរ ទើបសម្រេចចិត្តឲ្យមានពិធីនេះឡើយ៕"
ពេល "ធម្មជាតិ” ចោទជាសំណួរថា តើគូដណ្ដឹងរបស់ ម៉ារីណា (សាត ចាន់ថន) គាត់មានគុណសម្បត្តិ ឬក៏ជាមនុស្សប្រភេទណាដែរ ទើបនាងសម្រេចចិត្តភ្ជាប់ពាក្យបែបនេះ? លី ម៉ារីណា ឆ្លើយយ៉ាងរហ័សថា រយៈពេលកន្លងមកដែលខ្ញុំស្គាល់គាត់ គឺគាត់ជាមនុស្សមានអត្តចរិតស្លូតបូត សុភាពរាបសារ គោរពស្រឡាញ់ខ្ញុំ ស្រឡាញ់គ្រួសារខ្ញុំ និងចេះយល់ចិត្ត ធ្វើឲ្យខ្ញុំមានទំនុកចិត្ត និងព្រមទាំងសារភាពក្តីស្នេហ៍បើកបេះដូងព្រមទទួលយកគាត់ជាអនាគត ស្វាមីទៅថ្ងៃខាងមុខ។
លី ម៉ារីណា និយាយទៀតថា ចំពោះថ្លៃបណ្ណាការដែលខាងគូដណ្តឹងជូនមកខ្ញុំ គឺខ្ញុំមិនអាចបង្ហើបប្រាប់បានទេ ប៉ុន្តែចំពោះចិញ្ចៀនពេជ្រ និងខ្សែដៃដែលគាត់បំពាក់ជូនខ្ញុំក្នុងថ្ងៃភ្ជាប់ពាក្យនោះ គឺមានតម្លៃប្រហែលជា ១ម៉ឺនដុល្លារអាមេរិក។ ចំពោះគម្រោងរៀបមង្គលការ គឺខ្ញុំមិនទាន់គិតគូរនៅឡើយទេ ព្រោះនៅសិក្សាស្វែងយល់ចិត្តគ្នាឲ្យបានយូរបន្តិច។
នៅក្នុងពិធីភ្ជាប់ពាក្យរបស់នាងបែបស្ងាត់ៗ ត្រូវបាន លី ម៉ារីណា និយាយថា ខ្ញុំមិនហ៊ានធ្វើឲ្យអធិកអធមធំដុំ ឬក៏ហៅមិត្តភ័ក្ដិឲ្យច្រើននោះឡើយ ព្រោះខ្ញុំគិតថា រំខានដល់ពួកគេ គឺអញ្ជើញតែមិត្តភ័ក្ដិជិតស្និតដប់ម្ភៃនាក់ប៉ុណ្ណោះ ចាំដល់ថ្ងៃរៀបមង្គលការ ចាំហៅឲ្យច្រើនគ្នាតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែពិធីភ្ជាប់ពាក្យបានប្រព្រឹត្តទៅដោយរលូនក្តី ក៏ លី ម៉ារីណា ហាក់មិនបានស្ងប់ចិត្តស្ងប់អារម្មណ៍ និងត្រេកត្រអាលពីអនាគតថ្មី ដែលទើបតែដុះពន្លកនោះឡើយ។
នាងនិយាយទៀតថា ខ្ញុំធ្លាប់ឈឺចាប់យ៉ាងខ្លាំងនៅពេលដែលខ្ញុំពើបប្រទះនូវជីវិត ស្នេហាលើកដំបូង ស្រមោលអតីតកាលនៅតែដិតដាមក្នុងអារម្មណ៍របស់ខ្ញុំជានិច្ច ហើយខ្ញុំនៅតែមានអារម្មណ៍ខ្លាចទៅលើភាពបរាជ័យជាលើកទី២ ទៅថ្ងៃអនាគត។ ខ្ញុំតែងគិតថា នៅថ្ងៃខាងមុខនឹងអាចមានអ្វីកើតឡើង ព្រោះយើងមិនអាចមើលឃើញ ដូច្នេះថ្វីត្បិតតែខ្ញុំសម្រេចទទួលយកស្នេហាជាលើកទី២ ក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចនៅជាប់ជានិច្ច ព្រោះអ្វីដែលខ្ញុំឆ្លងកាត់ គឺជាបទពិសោធន៍ឃើញស្រាប់។
ទស្សនាវដ្ដី "ធម្មជាតិ" សូមចូលរួមអបអរសាទរ និងជូនពរដល់តារាសម្ដែង លី ម៉ារីណា និងគូដណ្តឹងសូមឲ្យមានសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត ហើយដឹកដៃគ្នាចូលរោងការឆាប់ៗដើម្បីឆាប់បានកូនពរនឹងគេ៕ ប្រភពដកស្រង់ចេញពី៖ ទស្សនាវដ្តី "ធម្មជាតិ”៕
No comments:
Post a Comment