ដោយ ៖ សាម៉ន
ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ទោះបីជាទទួលរងព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងរឿងអាពាហ៍ពិពាហ៍ ក្ដី កញ្ញាមាស សុខសោភា នៅតែស៊ូទ្រាំមិនតបត ឬចេញមុខបំភ្លឺជាសាធារណៈទេ ហើយវាកំពុងញាំញីបេះដូងរបស់នាង ។ ទោះបីជាបែបណាក្ដី បើសិនជា នាងមិនល្បីឈ្មោះទេនោះ ប្រហែលជាគ្មានការលេចឮព័ត៌មាននានារហូតបង្កឱ្យចាក់ដោតនាងបែបនេះ ដែរ ហេតុនេះវាជាបញ្ហា មួយធម្មតាសំរាប់កេរ្ដិ៍ឈ្មោះជាតារាតែងគេចមិនផុតពីព័ត៌មាននានា ។
លោកមាស សុខរតនៈ ជាបងប្រុស ដែលត្រូវអ្នកសារព័ត៌មានឱ្យរហស្សនាមថាជាអ្នកនាំពាក្យឱ្យកញ្ញា មាស សុខសោភា បានប្រាប់កោះសន្ដិភាពកាលពីពេលថ្មីៗនេះថា ព័ត៌មានទាំងឡាយដែលចុះផ្សាយក្នុងបណ្ដាញ សារព័ត៌មាន គឺជាព័ត៌មានមិនពិតបំផ្លើសការពិតដែលនាំឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ ប្អូនស្រីរបស់លោក ។ លោកបញ្ជាក់ថា បើគេនៅតែចុះផ្សាយព័ត៌មានដដែលៗគ្មានការពិត និងប៉ះពាល់កិត្ដិយសប្អូនស្រីលោកបន្ដទៀត លោកនឹងពិភាក្សាជាមួយអ្នកច្បាប់ដើម្បីប្ដឹងរកខុសត្រូវ ។
លោកមាស សុខរតនៈ អះអាងថា ប្អូនស្រី របស់លោកមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមិនបែកបាក់ជាមួយគូដណ្ដឹងទេ គឺពួកគេនៅតែមានទំនាក់ទំនង និងស្រលាញ់គ្នាជាធម្មតា គ្រាន់តែមិនទាន់រៀបការប៉ុណ្ណោះ។ គ្រួសាររបស់លោកប្រកាន់ខ្ជាប់ប្រពៃណីខ្មែរត្រឹមត្រូវ និងគិតគូរច្បាស់លាស់ណាស់មុននឹងរៀបចំគូស្រករ ។ ដូចជាការរៀបចំឱ្យ មាស សុខសោភា មានគូដណ្ដឹង គឺទាំងក្រុមគ្រួសារ និងសាមីខ្លួនបានពិនិត្យ និងជ្រើសរើសយ៉ាងល្អិនល្អន់ ព្រោះអាពាហ៍ពិពាហ៍មិនដូចការធ្វើស្រែចំការដែលខុសមួយឆ្នាំត្រូវមួយ ឆ្នាំនោះឡើយ ។
លោកបានសំណូមពរឱ្យសារព័ត៌មានចុះផ្សាយនូវអ្វី ដែលពិតជាក់ស្ដែង ។ ម្យ៉ាងទៀតការចុះផ្សាយនូវព័ត៌មានមិនពិតនិងធ្វើ ឱ្យប៉ះពាល់ដល់កិត្ដិយសស្ដ្រីនោះ គឺមិនអាចទទួលយកបានទេ សំរាប់ស្ដ្រីខ្មែរដែលគោរពប្រពៃណីត្រឹមត្រូវ ។
តាមពិតសារព័ត៌មានទូទៅគ្មានចេតនាផ្សាយព័ត៌មានមិន ពិតទេ តែអាចមានមូលហេតុច្រើននាំឱ្យព័ត៌មានមិនច្បាស់លាស់ ក្នុងនោះអាចមកពីអ្នកពាក់ព័ន្ធក្នុងសាច់រឿងមិនព្រមផ្ដល់ការ សម្ភាសផងដែរ ។
លោកមាស សុខរតនៈ ប្រាប់ថា ថ្ងៃណាមួយគ្រួសាររបស់លោកនឹងរៀបចំពិធីគួរឱ្យភ្ញាក់ផ្អើលមួយសំរាប់ អ្នកសារព័ត៌មានពាក់ ព័ន្ធរឿងរ៉ាវកញ្ញា មាស សុខសោភា ប៉ុន្ដែលោកមិនបញ្ជាក់ថា ពិធីនោះនឹងរៀបចំនៅពេលណាឡើយ ។
ប៉ុន្មានខែជាប់ៗគ្នានេះសារព័ត៌មានក្នុងស្រុក មួយចំនួនសំខាន់ទស្សនាវដ្ដី និងវ៉េបសាយបានចុះផ្សាយជាបន្ដបន្ទាប់ព័ត៌មានពាក់ព័ន្ធនឹង តារាចំរៀងមាស សុខសោភា ដូចជា ព័ត៌មានថា នាងបែកបាក់ជាមួយគូដណ្ដឹង, នាងរៀបការពីរដងស្ងាត់ៗ និងនាងថតរូបស្រើបស្រាលជាមួយបុរសដែលជាគូដណ្ដឹងជាដើម ។ ព័ត៌មានទាំងនោះត្រូវក្រុមគ្រួសារ នាងច្រានចោល និងចាត់ទុកថាជាព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ របស់កញ្ញា មាស សុខសោភា ។
ក្នុងករណីយល់ថា សារព័ត៌មានផ្សាយព័ត៌មានមិនមែនជាការពិតទេនោះ មាស សុខ សោភា មិនគួរសំងំស្ងៀមមិនបំភ្លឺនោះទេ ព្រោះការបំភ្លឺនឹងនាំឱ្យឃើញអ្វីដែលនាងចង់បញ្ជាក់ថា “ជាការពិត” ។ នាងមិនគួរទ្រាំមិនបកស្រាយ ហើយអន់ចិត្ដថា សារព័ត៌មានផ្សាយមិនពិតទេ នៅពេលនាងបកស្រាយរួចអ្វីៗត្រូវចប់ហើយ ៕
សារ៉ាយ
កញ្ញាមាស សុខសោភា តារាចំរៀងដែលមានសំលែងពីរោះរណ្តំចិត្តយុវវ័យ
Source:
http://kohsantepheapdaily.com.kh