







គឹម លីហ្សា ជាតារាចម្រៀង តារាសំដែងកាយវិការខារ៉ាអូខេ និងភាពយន្ត-វីដេអូ។ កន្លងមកនាងធ្លាប់ធ្វើជាអ្នកចម្រៀងប្រចាំនៅភោជនីយដ្ឋានទីក្រុងមាស ក្រោយមកដោយសាររវល់ពេកក៏បានឈប់ទៅវិញ។
ក្រៅពីនេះនាងបានថតសំឡេងចូលស៊ីឌី និងសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មរៃមាស ។ សម្រាប់ភាពយន្ត វីដេអូ នាងបានសម្ដែងដូចជារឿង “ទ្រុងមាសបក្សីស្នេហ៍” ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន រឿង “អាបកាលីប២០០៩” រឿង “សុគន្ធថេរ៉ាយុលងបះសក់” ២រឿងនេះដាក់បញ្ចាំងនៅរោងភាពយន្តសូរិយា និងរឿង “ល្មមហើយលោកប្ដី” ជាវីដេអូភាគ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។
នៅក្នុងខ្សែភាពយន្តទាំងអស់ភាគច្រើននាងសំដែងជាតួកាច ឆ្នាសឆ្នើម ។ នាងធ្លាប់បានចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ ២០០៧ និងបានទៅប្រទេសបារាំងកាលពីពាក់កណ្ដាលឆ្នាំ២០០៩។
កញ្ញា គឹម លីហ្សា ក៏មានអាជីពជាម្ចាស់ហាងលក់សំលៀកបំពាក់យីហោ “លីហ្សាឡាម៉ូដ” នៅក្បែររោងភាពយន្តលុចផងដែរ។ នាងមានបងប្អូនស្រី២នាក់ ដែលនាងជាកូនពៅ។ សព្វថ្ងៃបងស្រីរបស់នាងរស់នៅប្រទេសបារាំង៕

កញ្ញា កុល ដាវី ជាតារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនីទូរទស្សន៍ បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ៦ឆ្នាំមកហើយ និងក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងអាជីពសិល្បៈរបស់នាង។
កញ្ញា កុល ដាវី ធ្លាប់ធ្វើជាពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងស្ថានីយទូរទស្សន៍អប្សរាផងដែរ។ ជាទូទៅគេសង្កេតឃើញថា នាងចូលចិត្តស្លៀកពាក់នូវសំលៀកបំពាក់បែបសិចស៊ី។
ទន្ទឹមនឹងនេះដែរ នាងក៏បានចូលរួមក្នុងការសម្តែងខារ៉ាអូខេ និងភាពយន្តជាច្រើនរឿងមានដូចជា៖ រឿង "ចម្រៀងស្នេហ៍រលកជីវិត” ដែលចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។ រឿង "វិញ្ញាណស្នេហ៍ប្រែរូប” រឿង "កូនភ្លោះខ្ទើយហូលីវូដ” និងរឿង "ហង្សអន្ទាក់ស្នេហ៍” ជាដើម។

នាង ដួង ហ្សូរីដា ជាតារាសម្ដែងខារ៉ាអូខេ ពិធីការិនី និងជាអ្នកបង្ហាញម៉ូដ។ នាងកើតនៅឆ្នាំ១៩៨៣ នៅឯព្រំដែនខ្មែរ-សៀម ហើយបានធំក្តីនៅខេត្តបាត់ដំបង ហើយនៅឆ្នាំ១៩៩៣ ក្រុមគ្រួសាររបស់នាងបានផ្លាស់មករស់នៅទីក្រុងភ្នំពេញ។
នាង ដួង ហ្សូរីដា មានបងប្អូន ៤នាក់ (ស្រីទាំងអស់)។ ឪពុក (ស្លាប់) របស់នាងធ្វើជាគ្រូពេទ្យ ចំណែកម្តាយគឺជាជាងកាត់ដេរសំលៀកបំពាក់។ បងស្រីច្បងរបស់នាងបានចាក់ចេញទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨០។
ក្រោយពេលនាងប្រឡង់ជាប់ថ្នាក់ទី១២ នាងទទួលបានអាហារូបករណ៍រៀននៅវិទ្យាស្ថានភាសាបរទេស ជាភាសាបារាំង។ ក្រោយមកទៀត នាងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្មនៅវិទ្យាស្ថានជាតិគ្រប់គ្រង។
នៅឆ្នាំ២០០២ នាង ដួង ហ្សូរីដា បានចូលប្រកួតជាលើកដំបូងរបស់ "Freshier Boys and Freshier Girls” ហើយនាងត្រូវបានជ្រើសរើសជានារីស្អាតបំផុត នៅក្នុងចំណោមបេក្ខជនរាប់ពាននាក់។ ទន្ទឹងនឹងនេះដែរ នាងត្រូវបានជ្រើសរើសក្នុងចំណោមនារី៦នាក់ និងប្រុស៦នាក់ ក្នុងដំណាក់ចុងក្រោយ។ ប៉ុន្តែ នាងមិនត្រូវបានជ្រើសរើសជាក្នុងតំណែងលេខ១ឡើយ។
ក្រោយមកនាងធ្វើការផង និងសិក្សាផងក្នុងពេលតែមួយ ក្នុងខណៈពេលដែលនាងធ្វើការនៅក្នុងទូរស័ព្ទដៃ "Hell GSM” អស់រយៈពេល ២ឆ្នាំ។
ក្រោយមកនាងធ្វើជាអ្នកបម្រើតាមយន្តហោះរបស់ក្រុមហ៊ុន The President Airline។
ថ្មីៗនេះ នាងបានប្រកាសថា មិត្តប្រុសរបស់នាង គឺជាអ្នកធ្វើការនៅក្នុងជួរដ្ឋាភិបាល ដោយមិនមានការពាក់ព័ន្ធក្នុងវិស័យសិល្បៈឡើយ។ ហើយក្រោយមកទៀត សារព័ត៌មានក្នុងស្រុកបានធ្វើការរិះគន់ដល់រូបនាងយ៉ាងខ្លាំង ដោយនិយាយថា នាងកំពុងមានស្នេហាជាមួយបុរសថ្មី ដែលជាហេតុធ្វើឲ្យនាងមានប្រតិកម្មយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយមានសារព័ត៌មានខ្លះបានរិះគន់នាងថា នាងមិនមានវិជ្ជាជីវៈគ្រប់គ្រាន់សម្រាប់ធ្វើជាពិធីការិនីឡើយ។ ទោះបីជាយ៉ាងណា រឿងរ៉ាវទាំងអស់នេះ ហាក់បីដូចជា ស្ងប់ស្ងាត់ទៅវិញ។
នាពេលបច្ចុប្បន្ននេះ នាង ដួង ហ្សូរីដា កំពុងធ្វើការជាពិធីការិនី នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលជាស្ថានីយដែលទើបតែបង្កើត ឡើង៕

អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ជាតារាកំប្លែងល្បីឈ្មោះម្នាក់ក្នុងពិភពសិល្បៈកំប្លែង ក្រៅពីនេះអ្នកនាង ក៏ជាតារាសម្ដែងខារ៉ាអូខេ និងភាពយន្តផងដែរ។ អ្នកនាងប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០១ មកម៉េ្លះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទេពកោសល្យនៃការកំប្លែងរបស់អ្នកនាង នៅតែទទួលបានការគាំទ្រពីទស្សនិកជននៅកម្ពុជាផងដែរ។
គួររំលឹកផងដែរថា អ្នកនាង កាតុ គឺជាអតីតភរិយាមិនទាន់រៀបការរបស់តារាកំប្លែង សាន ម៉ៅ ហៅ សេដ្ឋីអូរ៉ាន់ តែការរស់នៅរបស់ពួកគេមិនបានស្ថិតស្ថេរទេ។ ក្រោយមក អ្នកនាងកាតុ ក៏បានរៀបមង្គលការជាមួយតន្ត្រីករម្នាក់ ហើយការរស់របស់ពួកគេមានសុភមង្គលរហូតមកដល់បច្ចុប្បន្ននេះ។
នាងកាតុ ធ្លាប់សម្ដែងកំប្លែងជាមួយក្រុម លោក នាយក្រឹម នៅតាមស្ថានីយទូរទស្សន៍មួយចំនួនដូចជា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទូរទស្សន៍ CTN និងទូរទស្សន៍បាយ័ន។
ទន្ទឹមនឹងនេះដែរ នាងកាតុ បានចូលរួមថតរឿងកំប្លែងបានជាច្រើនរឿង សម្ដែងភាពយន្តខ្នាតធំបានជាង ២០រឿង និងសម្ដែងល្ខោនវីដេអូភាគសម្រាប់ដាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ បានចំនួន ៨រឿងផងដែរ៕